នៅព្រឹកថ្ងៃចន្ទ ១រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួប ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងសុខាភិបាល។
ឯកឧត្តមសាស្ត្រាចារ្យររដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងអំណរគុណដល់ស្ថានទូត សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជាដែលបានគាំទ្រក្រសួងសុខាភិបាល ចូលរួមក្នុងការកសាងប្រព័ន្ធ ថែទាំសុខភាពនៅកម្ពុជា តាមរយៈជំនួយសហប្រតិបត្តិការបច្ចេកទេសរបស់អង្គការ GIZ និងសហប្រតិបត្តិការហិរញ្ញវត្ថុរបស់ KfW ដល់វិស័យសុខាភិបាលជាច្រើននាពេលកន្លងមក។
ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនអំពី ជំនួយសហប្រតិបត្តិការរបស់សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ លើវិស័យសុខាភិបាល ចាប់ផ្តើមតាំងពីឆ្នាំ១៩៩៦ លើការកសាងហេដ្ឋារចនាសម្ព័ន្ធអគារបណ្តុះបណ្តាលនិងវិទ្យាស្ថានជាតិសុខភាពសាធារណៈ ការបណ្តុះបណ្តាលធនធានមនុស្សផ្នែកគ្រប់គ្រងសុខាភិបាលនៅថ្នាក់ក្រោមជាតិ និងថ្នាក់អនុបណ្ឌិតផ្នែកសុខភាពសាធារណៈ។
ជាបន្តបន្ទាប់អាល្លឺម៉ង់ បានគាំទ្រក្រសួងសុខាភិបាល ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល ការធ្វើអោយប្រសើរឡើងនូវប្រព័ន្ធសុខាភិបាល ដូចជាការកសាងសមត្ថភាព ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថែទាំសុខភាព និងការលើកកម្ពស់សេវាថែទាំសុខភាពបឋម។ លើសពីនេះទៀត បច្ចុប្បន្ននេះអាល្លឺម៉ង់បាន និងកំពុងចូលរួមចំណែកគាំទ្រវិស័យសុខាភិបាលលើគម្រោងមួយចំនួនទៀតដូចជា៖
1. គម្រោង គាំពារសុខភាពសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា ស្របតាមផែនការយុទ្ធសាស្ត្រសុខាភិបាល
2. ការអនុវត្តការធ្វើវិមជ្ឈការ និងវិសហមជ្ឈការវិស័យសុខាភិបាលទៅថ្នាក់ក្រោមជាតិ តាមរយៈការកែលម្អគុណភាពនៃការផ្តល់សេវាសុខភាព ហិរញ្ញប្បទានថែទាំសុខភាព និងការគ្រប់គ្រងប្រព័ន្ធព័ត៌មានសុខាភិបាល
3. ការកែលម្អគម្រោងគាំពារសង្គម និងសុខភាព (ISPH) តាំងពីឆ្នាំ២០២១ ហើយដែលនឹងត្រូវបញ្ចប់នៅក្នុងខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ
4. គម្រោង One Health 4 Cambodia (OH4CAM) ផ្តល់ការគាំទ្រផ្នែកបច្ចេកទេសលើការអភិវឌ្ឍនគោលនយោបាយស្តង់ដារសម្រាប់ការអប់រំវិជ្ជាជីវៈសុខភាពមុនពេលផ្តល់សេវា។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណ ប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ជាពិសេស ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានបញ្ជាក់ជំហរបន្តគាំទ្រ អាទិភាពសុខាភិបាល ព្រមទាំងសន្យាថានឹងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-អាល្លឺម៉ង់ លើវិស័យសុខាភិបាល បន្ថែមទៀត ដើមី្បរួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអណត្តិទី៧ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។