នៅព្រឹកថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួប លោកជំទាវ Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងអំណរគុណដល់ប្រជាជននិងរដ្ឋាភិបាលឥណ្ឌា តាមរយៈស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលកន្លងមកតែងតែជួយគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ ជាពិសេសវិស័យសុខាភិបាលតាមរយៈការកសាងប្រព័ន្ធថែទាំសុខភាព និងគម្រោងប្រយុទ្ធនឹងជំងឺគ្រុនចាញ់។
គួរបញ្ជាក់ផងដែរថា សាធារណរដ្ឋឥណ្ឌា ជាប្រទេសមួយក្នុងចំនោមប្រទេសដែលបានផ្តល់ជំនួយវ៉ាក់សាំងកូវីដ-១៩ ដល់កម្ពុជា ក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ កាលពីខែមេសា ឆ្នាំ២០២២ ។ ប្រទេសឥណ្ឌា បានផ្ដល់ជំនួយវ៉ាក់សាំងកូវីដ-១៩ ប្រភេទ AstraZeneca ចំនួន ៣២៥, ០០០ ដូស ក្រោមគំនិតផ្តួចផ្តើម Quad Vaccine តបតាមសំណើរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អាណត្តិមុន។
លោកជំទាវឯកអគ្គរាជទូត បានថ្លែងអបអរសាទរ និងជូនពរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឱកាសដែល ឯកឧត្តមសាស្ត្រាចារ្យ ទទួលបានការទុកចិត្តពីរាជរដ្ឋាភិបាលអាណត្តិទី៧ តែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។ លោកជំទាវឯកអគ្គរាជទូត បានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាទទួលបានសន្តិភាព ស្ថិរភាព នយោបាយ និងកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សប្រកបដោយនិរន្តរភាព។ លោកជំទាវឯកអគ្គរាជទូត ក៏បានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការ គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល ព្រមទាំងជួយពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ឥណ្ឌា លើវិស័យសុខាភិបាល តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារបច្ចេកទេសរបស់ក្រសួងសុខាភិបាល។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរ រួមមានការអភិវឌ្ឍធនធានមនុស្សសុខាភិបាល លើកកម្ពស់គុណភាពសេវាសុខាភិបាល និងការវិនិយោគនានា ដែលមានគុណភាព ស្របតាមតម្រូវការសុខភាពនៅកម្ពុជា។
ជាចុងបញ្ជប់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់ប្រជាជន និងរដ្ឋាភិបាល នៃប្រទេសឥណ្ឌា ជាពិសេស លោកជំទាវឯកអគ្គរាជទូត ដែលបានបញ្ជាក់ជំហរគាំទ្ររួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។