ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបលោក Will Parks ប្រធានអង្គការ UNICEF ប្រចាំប្រទេសកម្ពុជា

នៅព្រឹកថ្ងៃសុក្រ ១២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបលោក Will Parks ប្រធានអង្គការ UNICEF ប្រចាំប្រទេសកម្ពុជា។
ក្នុងនាមក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ បានស្វាគមន៍ និងថ្លែងអំណរគុណដល់ អង្គការ UNICEF ប្រចាំប្រទេសកម្ពុជា ដែលបានសហការគាំទ្រក្រសួងសុខាភិបាល ក្នុងការងារលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា តាមរយៈការផ្ដល់ជូនទាំងបច្ចេកទេសនិងហិរញ្ញវត្ថុក៏ដូចជាការអភិវឌ្ឍនៅធនធានមនុស្ស នាពេលកន្លងមក។

លោក Will Parks ប្រធានអង្គការ UNICEF ប្រចាំប្រទេសកម្ពុជាបានថ្លែងអបអរសាទរ និងជូនពរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី ក្នុងឱកាសដែល ឯកឧត្តមទទួលបាននូវការទុកចិត្តពីរាជរដ្ឋាភិបាលអាណត្តិទី៧ តែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។ លោកបានជម្រាបជូន ឯកឧត្តមរដ្ឋមន្រ្តី ថាអង្គការ UNICEF បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តគោលនយោបាយ និងផែនការយុទ្ធសាស្រ្តសុខាភិបាល ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល សុខភាពមាតា ទារក និងកុមារ ការផ្តល់ថ្នាំបង្ការ និងអាហារូបត្ថម្ភ ដើម្បីចូលរួមចំណែកក្នុងការសម្រេចបានការគ្របដណ្តប់សេវាសុខភាពជាសកល។

គួរបញ្ជាក់ផងដែរថា នៅក្នុងបរិបទនៃការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ក្រោមកិច្ចសហប្រតិបត្តិការល្អ និងជិតស្និតពីអង្គការ UNICEF ក្រសួងសុខាភិបាល បានអនុវត្តនូវផែនការយុទ្ធសាស្ត្រ ក្នុងការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យគួរជាទីមោទនៈ គាំទ្រក្រសួងសុខាភិបាល ដូចជា៖
-បានគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍន៍ និងអនុវត្តផែនការជាតិសម្រាប់ការចាក់វ៉ាក់សាំង ជំងឺកូវីដ-១៩ ដោយការធ្វើផែនការ ការត្រួតពិនិត្យ ការគ្រប់គ្រងហានិភ័យ និងការចូលរួមសហគមន៍ ការគ្រប់គ្រងខ្សែសង្វាក់ ផ្គត់ផ្គង់វ៉ាក់សាំង និងការពង្រឹងប្រព័ន្ធត្រជាក់ ដែលអនុញ្ញាតឱ្យកម្ពុជាធ្វើពិពិធកម្ម ផលប័ត្រវ៉ាក់សាំងរបស់ខ្លួន បន្ថែមទៀត ជាមួយនឹងអត្រាខ្ជះខ្ជាយ តិចជាង ១%។
-បានសម្របសម្រួលក្នុងយន្តការ COVAX Facility និងការបរិច្ចាគ វ៉ាក់សាំង ជំងឺកូវីដ-១៩ ដល់គោលដៅ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណ ដល់ទីភ្នាក់ងារអង្គការ UNICEF ប្រចាំនៅកម្ពុជា ព្រមទាំងស្នើសុំបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត គាំទ្រផែនការយុទ្ធសាស្ត្រថ្មីៗ របស់ក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

photo_2023-11-10_19-15-04photo_2023-11-10_19-15-10photo_2023-11-10_19-15-02 photo_2023-11-10_19-15-05 photo_2023-11-10_19-15-07 photo_2023-11-10_19-15-08photo_2023-11-10_19-15-09