រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ៩រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ២:០០នាទីរសៀល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្តដឹកនាំវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» សម្រាប់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន ២៣៩៧នាក់ ដើម្បីពង្រឹងស្ថាប័នដែលជាយុទ្ធសាស្រ្តអាទិភាពមួយ ក្នុងចំណោមអាទិភាព ៣ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ក្នុងការគាំទ្រកំណែទម្រង់ អនុវត្តយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។
ក្នុងសប្តាហ៍នេះការសិក្សាផ្តោតលើការគ្រប់គ្រងការអនុវត្តន៍ការងាររបស់បុគ្គលិក និងក៍មានបទបង្ហាញពីការប្រើប្រាស់ PDIA របស់មន្ទីរពេទ្យបង្អែកឧត្តុង។ ឯកឧត្តមសាស្រ្តាចារ្យបានពន្យល់ពីពាក្យគន្លឺះក្នុងការអនុវត្តន៍ការងាររបស់បុគ្គលិក ដែលរួមមាន សមត្ថភាពអនុវត្តការងាររបស់បុគ្គលិកម្នាក់ៗ ចិរភាពនៃសមត្ថភាពអនុវត្តការងារ និង ឥរិយាបទរបស់បុគ្គលិកម្នាក់ៗ។ក្រៅពីនេះ វគ្គក៍មានបញ្ចូលបទបង្ហាញស្តីពីការប្រែប្រួលជាវិជ្ជមាននៃការធ្វើអនាម័យដៃនៅសេវាសម្រាលដោយប្រើប្រាស់ PDIA នៃមន្ទីរពេទ្យបង្អែកឧត្តុង ខេត្តកំពង់ស្ពឺផងដែរ។
សូមបញ្ជាក់ផងដែរ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងនៅរៀងរាល់ថ្ងៃអង្គារ ដែលមានវត្តមាន ថ្នាក់ដឹកនាំអង្គភាពថ្នាក់ជាតិ ចាប់ពីប្រធានការិយាល័យថ្នាក់កណ្តាលរហូតដល់រដ្ឋលេខាធិការក្រសួងសុខាភិបាល និងអង្គភាពថ្នាក់ក្រោមជាតិ ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត។