ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបគណៈប្រតិភូបណ្ឌិត្យសភានគរបាលកម្ពុជា

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបគណៈប្រតិភូបណ្ឌិត្យសភានគរបាលកម្ពុជា

នៅព្រឹកថ្ងៃពុធ ១០កើត ខែកក្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបគណៈប្រតិភូបណ្ឌិត្យសភានគរបាលកម្ពុជា ដែលដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍សាស្រ្តាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងគណៈប្រតិភូនៃបណ្ឌិត្យសភានគរបាលកម្ពុជា សរុបប្រមាណ ១៧រូប។

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ និងគណៈប្រតិភូនៃបណ្ឌិត្យសភានគរបាលកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តម សាស្ត្រាចារ្យរដ្ឋមន្ត្រី បានចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍អំពីការដឹកនាំស្ថាប័ន ជូនដល់គណៈប្រតិភូបណ្ឌិត្យសភានគរបាល កម្ពុជា ក៏ដូចជាបានពិភាក្សាអំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងសុខាភិបាល និងបណ្ឌិត្យសភានគរបាលកម្ពុជាផងដែរ។

ឯកឧត្តមនាយឧត្តមសេនីយ៍មានមោទនភាព និងសូមកោតសរសើរយ៉ាងក្រៃលែងក្នុងការដឹកនាំរបស់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី លើវិស័យ សុខាភិបាលក្នុងអាណត្តិទី៧ នីតិកាលនៃរដ្ឋសភា ក្នុងការចូលរួមចំណែកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងគុណភាពសុខាភិបាល ក្នុងការដោះស្រាយបញ្ហាសុខភាពសាធារណៈ និងលើកកម្ពស់សុខភាព និងសុខុមាលភាពសម្រាប់ប្រជាជនកម្ពុជា។

ក្នុងឱកាសនេះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍បានគោរពអញ្ជើញ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជាវាគ្មិនកិត្តិយសធ្វើបាឋកថាចែករំលែកចំណេះដឹងល្អៗ និងបទពិសោធន៍ដ៏ប៉ិនប្រសប់ទាក់ទង់នឹងការធ្វើកំណែទម្រង់ និងទំនើបកម្មវិស័យសុខាភិបាល ជូនដល់ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ គ្រូនគរបាលជាតិ មន្ត្រី និស្សិត សិក្ខាកាម និងសិស្សនគរបាលនៃបណ្ឌិតសភានគរបាលកម្ពុជា។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់បណ្ឌិត្យសភានគរបាលកម្ពុជា ជាពិសេស ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ដែលបានបញ្ជាក់ជំហរគាំទ្ររួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខា ភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

photo_2023-11-22_19-49-08 photo_2023-11-22_19-48-56

 

photo_2023-11-22_19-44-28 photo_2023-11-22_19-46-38 photo_2023-11-22_19-45-37photo_2023-11-22_19-46-06photo_2023-11-22_19-47-52

photo_2023-11-22_19-48-00 photo_2023-11-22_19-48-30

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបលោក Samuel Muller ប្រធានអង្គការ GAVI ប្រចាំតំបន់អឺរ៉ុប អាស៊ី និងតំបន់ប៉ាស៊ីហ្វិក

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបលោក Samuel Muller ប្រធានអង្គការ GAVI ប្រចាំតំបន់អឺរ៉ុប អាស៊ី និងតំបន់ប៉ាស៊ីហ្វិក

នៅព្រឹកថ្ងៃពុធ ១០កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបលោក Samuel Muller ប្រធានអង្គការ GAVI ប្រចាំតំបន់អឺរ៉ុប អាស៊ី និងតំបន់ប៉ាស៊ីហ្វិក។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងអំណរគុណដល់ អង្គការ GAVI ដែលបានសហការចូលរួមគាំទ្រក្រសួងសុខាភិបាល ក្នុងការងារលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា តាមរយៈការផ្តល់ជំនួយឥតសំណងដល់កម្ពុជា លើការងារ និងសកម្មភាពផ្តល់ថ្នាំបង្ការ ដើម្បីបង្កើនអត្រាគ្របដណ្តប់វ៉ាក់សាំង ព្រមទាំងគាំទ្រសកម្មភាពបញ្ចូលវ៉ាក់សាំងថ្មីៗជាបន្តបន្ទាប់ស្របតាមផែនការយុទ្ធសាស្រ្តរយៈពេលវែងរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

លោកប្រធានអង្គការ GAVI ប្រចាំតំបន់អឺរ៉ុប អាស៊ី និងតំបន់ប៉ាស៊ីហ្វិក បានថ្លែងអបអរសាទរ ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី ក្នុងឱកាសដែល ឯកឧត្តម ទទួលបាននូវការទុកចិត្តពីរាជរដ្ឋាភិបាលអណត្តិទី៧ តែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។ លោកបានជម្រាបជូនឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តីថា អង្គការ GAVI បាន និងកំពុង បន្តការគាំទ្រដល់កម្មវិធីជាតិផ្តល់ថ្នាំបង្ការ នៃក្រសួងសុខាភិបាល ចាប់តាំងពីឆ្នាំ២០០១មក តាមរយៈគម្រោងសំខាន់ៗដូចជា៖ ១) គម្រោងពង្រឹងប្រព័ន្ធចាក់ថ្នាំបង្ការ ពីឆ្នាំ២០០១ ដល់ឆ្នាំ ២០០៩ ២) គម្រោងពង្រឹងប្រព័ន្ធសុខាភិបាលជំហានទី១ ពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៤ ៣) គម្រោងពង្រឹងប្រព័ន្ធសុខាភិបាលជំហានទី២ ពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០២២ និង ៤) គម្រោងពង្រឹងការងារផ្តល់ថ្នាំបង្ការមានលក្ខណៈចំរុះ ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ ដោយបានបន្តគាំទ្រគម្រោងពង្រឹងប្រព័ន្ធសុខាភិបាល ជំហាន ទី៣។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់អង្គការ GAVI ដែលបានសហការយ៉ាងជិតស្និទ្ធ ជាប្រចាំ ជាមួយក្រសួងសុខាភិបាល តាមរយៈកម្មវិធីជាតិចាក់ថ្នាំបង្ការ ជាពិសេស ក្នុងកំឡុងពេលមានការរាតត្បាតនៃជំងឺកូវីដ-១៩ ដោយបានជួយគាំទ្រក្នុងការរៀបចំ និងអនុវត្តផែនការមេនៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានជួយក្រសួងសុខាភិបាល ក្នុងការស្វែងរកវ៉ាក់សាំងកូវីដ-១៩ ព្រមទាំងផ្គត់ផ្គង់ និងបំពាក់បរិក្ខារប្រព័ន្ធត្រជាក់មួយចំនួនធំបានយ៉ាងឆាប់រហ័ស និងទាន់ពេលវេលាក្រោមគម្រោង Gavi COVAX Facility សំដៅបង្កើតឱ្យបាននូវភាពស៊ាំសង្គម និងសេដ្ឋកិច្ច ដែលជាគោលដៅប្រកបដោយមហិច្ឆិតារបស់រាជរដ្ឋាភិបាលកម្ពុជា ឈានទៅពង្រឹងប្រព័ន្ធសន្តិសុខសុខភាពជាតិ និងផ្តល់ឱកាសឱ្យប្រទេសកម្ពុជាទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នាពេលកន្លងមក។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបញ្ជាក់ពីជំហររបស់ក្រសួងសុខាភិបាល ក្នុងកិច្ចសហការដ៏ល្អដើមី្បកុមារកម្ពុជាទទួលនូវអត្រាគ្រប់ដណ្តប់តាមគោលដៅ និងសូមថ្លែងអំណរគុណអង្គការ GAVI ដែលបានបញ្ជាក់ជំហរ និងប្តេជ្ញាចិត្តបន្តគាំទ្រក្រសួងសុខាភិបាល ព្រមទាំងបញ្ចូលវ៉ាក់សាំងថ្មីៗបន្ថែមទៀតទៅក្នុងកម្មវិធីជាតិផ្តល់ថ្នាំបង្ការ ស្របតាមផែនការយុទ្ធសាស្ត្ររបស់ក្រសួងសុខាភិបាល និងការបណ្តុះបណ្តាលធនធានមនុស្សនៅថ្នាក់ជាតិ និងថ្នាក់ស្រុកប្រតិបត្តិ រួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាល អាណត្តិទី៧ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

photo_2023-11-22_16-15-20 photo_2023-11-22_16-15-21 (2) photo_2023-11-22_16-15-21photo_2023-11-22_17-16-46 photo_2023-11-22_16-15-16 photo_2023-11-22_16-15-17

photo_2023-11-22_16-15-16 (2)

photo_2023-11-22_16-15-14 photo_2023-11-22_16-15-14 (2)

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្តធ្វើបឋកថាស្តីពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់មន្រ្តីក្រោមឱវាទក្រសួងសុខាភិបាល « វគ្គទី៧»

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្តធ្វើបឋកថាស្តីពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់មន្រ្តីក្រោមឱវាទក្រសួងសុខាភិបាល « វគ្គទី៧»

ថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង២:០០នាទីរសៀល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំបន្ត នៃវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាjអ្នកដឹកនាំ និងនវានុវត្តន៍» វគ្គទី៧ ដល់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ថ្នាក់ដឹកនាំនៃក្រសួងសុខាភិបាល ដែលមានសមាសភាពចូលរួមសរុបចំនួន ១,៨២១នាក់ តាមប្រព័ន្ធវីដេអូសន្និសីទ។

គោលបំណងនៃការរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលនេះឡើង គឺដើម្បីពង្រឹងសមត្ថភាពមន្រ្តីសុខាភិបាលនៅគ្រប់កម្រិត តាមរយៈការបណ្តុះបណ្តាលលើផ្នែក ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដែលជាយុទ្ធសាស្រ្តអាទិភាពរបស់ក្រសួងសុខាភិបាល ក្នុងចំណោមអាទិភាព៣ បានដាក់ចេញ និងដើម្បីគាំទ្រកំណែទម្រង់ការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។

ខ្លឹមសារបណ្តុះបណ្តាលក្នុងសប្តាហ៍នេះ បានផ្តោតទៅលើគន្លឹះសំខាន់បួនរួមមាន៖
១) ការពន្យល់អំពីហេតុអ្វីបានជាការបង្កើតឱ្យមានសិទ្ធិអំណាចត្រឹមត្រូវច្បាស់លាស់ និងសមស្រប គឺជាតម្រូវការចាំបាច់សម្រាប់ការធ្វើឱ្យមានការផ្លាស់ប្តូរធ្វើឱ្យកាន់តែប្រសើរ។
២) ការទទួលសិទ្ធិអំណាច ត្រូវការនៅកម្រិតខុសៗគ្នានៅក្នុងស្ថាប័នមួយ និងមាននៅគ្រប់ផ្នែក ឬនាយកដ្ឋានផ្សេងៗគ្នាជាច្រើន សម្រាប់ពេលវេលាវែងឆ្ងាយ។ ការទទួលសិទ្ធិអំណាចនេះរួមមានទាំងប្រភពផ្លូវការ និងប្រភពមិនផ្លូវការ។
៣) ការកំណត់ចេញនូវយុទ្ធសាស្រ្តសក្តានុពលមួយ ដើម្បីធានាថាកិច្ចប្រឹងប្រែងធ្វើកំណែទម្រង់សំដៅភាពប្រសើរ ពិតជាមានសិទ្ធិអំណាចដែលច្បាស់លាស់ និងសមស្រប។
៤) ការកំណត់បាននូវបុគ្គលផ្សេងៗដែលជាធនធាន ទាំងនៅក្រៅរង្វង់អ្នកមានសិទ្ធិអំណាច ដើម្បីចូលរួមចំណែកក្នុងការគាំទ្រចាំបាច់សម្រាប់ភាពជោគជ័យ។

បន្ថែមពីនេះ ក៏មានការចូលរួមចង្អុលបង្ហាញក្នុងវគ្គបណ្តុះបណ្តាលនេះអំពីការរៀបចំ និងការអនុវត្តដំណើរការដំណោះស្រាយបញ្ហាជំហានដំបូងៗ ផងដែរ។

photo_2023-11-21_20-32-37 photo_2023-11-21_20-32-39 photo_2023-11-21_20-32-41 photo_2023-11-21_20-32-43 photo_2023-11-21_20-32-45 photo_2023-11-21_20-32-48 photo_2023-11-21_20-32-50 photo_2023-11-21_20-32-53

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបជាមួយ គណៈប្រតិភូមូលនិធិគន្ធបុប្ផាស្វីស និងថ្នាក់ដឹកនាំនៃមន្ទីរពេទ្យគន្ធបុប្ផា ដែលដឹកនាំដោយលោកវេជ្ជបណ្ឌិត Philip Robinson នាយក មូលនិធិគន្ធបុប្ផាស្វីស

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបជាមួយ គណៈប្រតិភូមូលនិធិគន្ធបុប្ផាស្វីស និងថ្នាក់ដឹកនាំនៃមន្ទីរពេទ្យគន្ធបុប្ផា ដែលដឹកនាំដោយលោកវេជ្ជបណ្ឌិត Philip Robinson នាយក មូលនិធិគន្ធបុប្ផាស្វីស

នាព្រឹកថ្ងៃអង្គារ ៩ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបជាមួយ គណៈប្រតិភូមូលនិធិគន្ធបុប្ផាស្វីស និងថ្នាក់ដឹកនាំនៃមន្ទីរពេទ្យគន្ធបុប្ផា ដែលដឹកនាំដោយលោកវេជ្ជបណ្ឌិត Philip Robinson នាយក មូលនិធិគន្ធបុប្ផាស្វីស នៅទីស្តីការក្រសួងសុខាភិបាល។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងអំណរគុណដល់មូលនិធិគន្ធបុប្ផាស្វីស ដែលបានសហការ និងគាំទ្រមន្ទីពេទ្យគន្ធបុប្ផា ជាពិសេសចំពោះ លោកសាស្ត្រាចារ្យ បេអាត រីចឈ្នឺ ដែលជាស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា និងជាស្ថាបនិកមូលនិធិគន្ធបុប្ផាស្វីស តាំងពីឆ្នាំ១៩៩២ និងផ្តល់ការគាំទ្រដល់ការដំណើរការមន្ទីរពេទ្យនេះ តាមរយៈការទ្រទ្រង់ ប្រព័ន្ធព្យាបាលសុខភាពដល់កុមារកម្ពុជា និងការបណ្តុះបណ្តាលធនធានមនុស្ស ព្រមទាំងបានបំពាក់សម្ភារៈបរិក្ខារវេជ្ជសាស្ត្រទំនើបជាបន្តបន្ទាប់រហូតមក ដែលបានជួយសង្គ្រោះកុមារកម្ពុជារាប់លាននាក់ រយៈពេល ៣០ឆ្នាំ កន្លងមកនេះ។

លោកវេជ្ជបណ្ឌិត Philip Robinson នាយកមូលនិធិគន្ធបុប្ផាស្វីស បានថ្លែងអំណរគុណឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបានលើកឡើងអំពីសមិទ្ធិផលរបស់ មន្ទីរពេទ្យគន្ធបុប្ផា ដែលបានខិតខំប្រឹងប្រែងក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ។ លោកនាយកមូលនិធិគន្ធបុប្ផាស្វីស បានជម្រាបជូនថា ក្រោយពីអវត្តមានរបស់លោកសាស្ត្រាចារ្យ បេអាត រីចឈ្នឺ មូលនិធិ ចាប់ផ្តើមគិតគូរអំពីការតម្រង់ទិសដៅ និងរៀបចំអ្នកជំនាន់ក្រោយសម្រាប់មូលនិធិ ដូចជាលោកនាយកមូលនិធិ គឺជាអ្នកទទួលខុសត្រូវមូលនិធិជំនាន់ទី៣ ដែលមានតួនាទីក្នុងការស្វែងរកអ្នកសប្បុរសជនជួយគាំទ្រទ្រទ្រង់មូលនិធិឱ្យមានរយៈយូរអង្វែងជាបន្តទៀត។ មូលនិធិគន្ធបុប្ផាស្វីស ប្តេជ្ញាចិត្តគាំទ្រមន្ទីរពេទ្យគន្ធបុប្ផា ព្រមទាំងបាន និងកំពុងរៀបចំគម្រោងការផ្សេងៗដើមី្បអាចគាំទ្រមន្ទីរពេទ្យគន្ធបុប្ផាតទៅទៀត ដូចជាគម្រោងសហប្រតិបត្តិការមន្ទីរពេទ្យសាកលវិទ្យាល័យ ដោយបានបញ្ជូនសាស្ត្រាចារ្យជំនាញ ឯកទេស មកជួយដល់មន្ទីរពេទ្យជាប្រចាំ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបញ្ជាក់ជំហររបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជាក្នុងការគាំទ្រមន្ទីរពេទ្យគន្ធបុប្ផា ព្រមទាំងបានថ្លែងអំណរគុណដល់មូលនិធិគន្ធបុប្ផាស្វីស ដែលបានបញ្ជាក់ជំហរ និងការប្តេជ្ញាចិត្តគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា ព្រមទាំងស្វែងរកគម្រោងការនានាដើមី្បគាំទ្រមន្ទីរពេទ្យ ទាំងបច្ចេកទេស និងការដំណើរសេវាពិនិត្យ និងព្យាបាលជំងឺកុមារនៅក្នុងមន្ទីរពេទ្យ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណ លោកសាស្ត្រាចារ្យ បេអាត រីចឈ្នឺ ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា និងគោរពថ្លែងអំណរគុណ សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដែលជាស្ថាបនិកមូលនិធិគន្ធបុប្ផាកម្ពុជា ក្រោម គំនិតផ្តួចផ្តើមដ៏ថ្លៃថ្លា ការចង្អុលបង្ហាញប្រកបដោយយុទ្ធសាស្ត្រ និងគាំទ្រយ៉ាងពេញទំហឹងដោយបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ឈរឈ្មោះជាប្រធានកិត្តិយសដែលជម្រុញឱ្យមូលនិធិទទួលបាននូវការគាំទ្រយ៉ាងខ្លាំងក្លាពីសប្បុរសជនពីគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស សំដៅធានាចីរភាពនៃចំណូល សម្រាប់ទ្រទ្រង់ផ្នែកហិរញ្ញវត្ថុចំពោះមន្ទីរពេទ្យគន្ធបុប្ផា ឱ្យដំណើរការជាប្រក្រតីប្រកបដោយនិរន្តរភាព ចូលរួមក្នុងការលើកកម្ពស់សុខភាពមាតា ទារក និងកុមារ ដែលជាអាទិភាពចម្បងមួយក្នុងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ photo_2023-11-21_17-01-48 photo_2023-11-21_17-01-50 photo_2023-11-21_17-01-53 photo_2023-11-21_17-01-56 photo_2023-11-21_17-02-01

photo_2023-11-21_17-01-45 photo_2023-11-21_17-01-46

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ជើញចុះពិនិត្យការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ នៅមន្ទីរពេទ្យព្រះអង្គឌួង

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ជើញចុះពិនិត្យការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ នៅមន្ទីរពេទ្យព្រះអង្គឌួង

រាជធានីភ្នំពេញ៖ រសៀលថ្ងៃពុធ ៣កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ព្រមទាំងសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល នៃមន្ទីរពេទ្យព្រះអង្គឌួង។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានជួបសំណេះសំណាល និងថ្លែងអំណរគុណ ព្រមទាំងកោតសរសើរ ជូនចំពោះមន្រ្តីសុខាភិបាលទាំងអស់នៃមន្ទីរពេទ្យព្រះអង្គឌួង ដែលបានខិតខំបម្រើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់។

ក្នុងការចុះពិនិត្យនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ពីភាពរីកចម្រើនរបស់មន្ទីរពេទ្យ ទាំងសំណង់អគារថ្មីៗ និងអគារដែលមានស្រាប់ ដោយត្រូវបានរៀបចំ និងជួសជុលឡើងវិញបានយ៉ាងល្អប្រសើរ រួមទាំងសម្ភារៈបរិក្ខារវេជ្ជសាស្រ្ត និងធនធានមនុស្សមានជំនាញច្បាស់លាស់ ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌។

ទន្ទឹមនឹងការរីកចម្រើនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍បន្ថែមទៀត ក្នុងការបន្តសកម្មភាពតទៅមុខទៀត ដូចខាងក្រោម៖
-ធ្វើទំនើបកម្មមន្ទីរពេទ្យប្រកបដោយនវានុវត្តន៍ ឌីជីថល និងមានការទទួលស្គាល់គុណភាព
-ជំរុញការអនុវត្តគម្រោងសាងសង់អគារថ្មីបន្ថែមទៀត
-ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូដែលមានស្រាប់ និងពង្រីកជាមួយដៃគូថ្មីៗថែមទៀត
-បន្តអនុវត្តសកម្មភាពដែលមានស្រាប់ ដោយធានាឆ្លើយតបនឹងអាទិភាព ដែលបានដាក់ចេញក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ក៏ដូចជាអាទិភាពរបស់ក្រសួងសុខាភិបាល។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានគូសរំលេចនូវការដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលក្នុងនោះវិស័យសុខាភិបាលជាវិស័យអាទិភាពមួយ ក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន។ ដើម្បីឈានទៅសម្រេចបាន ការគ្របដណ្តប់សុខភាពជាសកល ត្រូវចូលរួមអនុវត្តយុទ្ធសាស្រ្តគន្លឹះ ទាំង៩ ចំនុច និងអាទិភាពគន្លឹះ ៖
-ពង្រឹងមណ្ឌលសុខភាព តាមរយៈការពង្រឹងពង្រីកហេដ្ឋារចនាសម្ព័ន្ធ ការបំពាក់ឧបករណ៍សម្ភារៈបរិក្ខារវេជ្ជសាស្រ្ត និងការផ្គត់ផ្គង់ឱសថឱ្យបានគ្រប់គ្រាន់ និងទាន់ពេលវេលា និងការពង្រឹងសមត្ថភាពបុគ្គលិក ដើម្បីធានាការផ្តល់សេវា ២៤ម៉ោង លើ២៤ម៉ោង។
-ពង្រឹងគុណភាពសេវាថែទាំសុខភាពនៅមន្ទីរពេទ្យបង្អែកស្រុក មន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យជាតិ ដោយផ្តោតទៅលើការពង្រឹងផ្នែកប្រពោធទនកម្ម ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកវះកាត់ ផ្នែកមន្ទីរពិសោធន៍ និងផ្នែករូបភាពវេជ្ជសាស្រ្ត។
-ពង្រឹងសមត្ថភាពមន្រ្តីសុខាភិបាលនៅគ្រប់កម្រិត តាមរយៈការបណ្តុះបណ្តាលផ្នែកភាពជាអ្នកដឹកនាំ និងនវានុវត្តន៍។

ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ស្នើសុំឱ្យមន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ ត្រូវចេះជួយគ្នា សហការគ្នា សាមគ្គីភាពគ្នា និងត្រូវខិតខំប្រឹងព្យាយាមបន្ថែមទៀត ក្នុងការអភិវឌ្ឍមន្ទីរពេទ្យ និងវិស័យសុខាភិបាលឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីឈានទៅរកការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល។

photo_2023-11-15_20-06-49 (2) photo_2023-11-15_20-06-49 photo_2023-11-15_20-06-50 (2) photo_2023-11-15_20-06-50 photo_2023-11-15_20-06-51 photo_2023-11-15_20-06-55 (2) photo_2023-11-15_20-06-55 (3) photo_2023-11-15_20-06-55 (4) photo_2023-11-15_20-06-55 photo_2023-11-15_20-07-00 photo_2023-11-15_20-07-04

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្តធ្វើបឋកថាស្តីពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ តាមប្រព័ន្ធវីដេអូសន្និសីទ ជូនដល់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល « វគ្គទី៦»

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្តធ្វើបឋកថាស្តីពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ តាមប្រព័ន្ធវីដេអូសន្និសីទ ជូនដល់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល « វគ្គទី៦»

ថ្ងៃអង្គារ ២កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង២:០០នាទីរសៀល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំបន្តវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» វគ្គទី៦ ដល់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន ១,៨៦៦នាក់ ដើម្បីចូលរួមអនុវត្តយុទ្ធសាស្រ្តអាទិភាពមួយ ក្នុងចំណោមអាទិភាព ៣ បានដាក់ចេញ ក្នុងការគាំទ្រកំណែទម្រង់ អនុវត្តយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។

ក្នុងសប្តាហ៍នេះ មេរៀនទី១គឺជាគន្លឹះសំខាន់ទី៣សម្រាប់ដោះស្រាយបញ្ហា (PDIA) និងមានគោលបំណង សំខាន់ៗ៣ចំណុចដូចជា៖ ១) ការវាយតម្លៃអំពីលក្ខណៈ និងវិសាលភាពនៃលំហផ្លាស់ប្តូរ (Change Space) តាមបរិបទដែលត្រូវស្វែងរកដំណោះស្រាយនៃបញ្ហា ដោយផ្អែកលើឥទ្ធិពលសិទ្ធអំណាច ការទទួលយក និងសមត្ថភាព ២) ការវិភាគអំពីបញ្ហាជាមួយនឹងការវិភាគលំហផ្លាស់ប្តូរតាមវិធីសាស្រ្តអេបី (Triple A) ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់នូវដំណោះស្រាយដែលមានប្រសិទ្ធភាពបំផុត ៣) ការរៀបរាប់ពីជំហានតាមលំដាប់លំដោយ ដែលជំហានទាំងនោះអាចនឹងបង្កើតបានជាដំណោះស្រាយប្រកបដោយសក្តានុពល និងមេរៀនទី២មានគោលបំណង៤ចំណុចសំខាន់ៗដូចជា៖ ១) ការវិភាគរិះរកដំណោះស្រាយ គឺពិចារណស្វែងរកគំហើញនានាដែលក្នុងនោះរួមមាន ការគាំទ្រទាំងខាងផ្នែករដ្ឋបាល ខាងផ្នែកនយោបាយ និងលក្ខណៈផ្នែកបច្ចេកទេស ២) ការវិភាគលំហផ្លាស់ប្តូរដោយប្រើវិធីសាស្រ្ត អេបី (Triple A) ដែលបានអនុវត្ត ដើម្បីចម្រាញ់ និងពិនិត្យមើលលទ្ធភាពនៃដំណោះស្រាយដែលអាចធ្វើបាន ៣) ការទទួលស្គាល់ រាល់ដំណោះស្រាយដែលសក្តិសមបំផុត (Best fit) គឺលេចចេញពីការវិភាគ ការឆ្លុះបញ្ចាំង និងការសិក្សាពិសោធន៍សារចុះសារឡើង ហើយរាល់គំនិតដំបូងអាចនឹងមានការផ្លាស់ប្តូរ ៤) ការពិចារណាជម្រើសនានា នៃឧបសគ្គដែលជួបប្រទះក្នុងអំឡុងពេលនៃការអនុវត្តដំណោះស្រាយ អាចត្រូវបានគិតទុកជាមុន និងត្រូវដោះស្រាយ។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងរៀងរាល់រសៀលថ្ងៃអង្គារ ដែលមានការអញ្ជើញចូលរួម ចាប់ពីប្រធានការិយាល័យថ្នាក់កណ្តាល រហូតដល់រដ្ឋលេខាធិការក្រសួងសុខាភិបាល និងអង្គភាពថ្នាក់ក្រោមជាតិ ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត។

photo_2023-11-14_18-20-48

photo_2023-11-14_18-20-49

photo_2023-11-14_18-20-49 (2) photo_2023-11-14_18-20-50 photo_2023-11-14_18-20-51 photo_2023-11-14_18-21-22 (2) photo_2023-11-14_18-21-22 photo_2023-11-14_18-21-23

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបជាមួយសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា SSEAYP International Cambodia នៅទីស្តីការក្រសួងសុខាភិបាល

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបជាមួយសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា SSEAYP International Cambodia នៅទីស្តីការក្រសួងសុខាភិបាល

នៅរសៀលថ្ងៃសុក្រ ១២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបជាមួយសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា SSEAYP International Cambodia នៅទីស្តីការក្រសួងសុខាភិបាល។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅ ដល់គណៈប្រតិភូសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ដែលបានមកជួបសម្តែងការគួរសម និងស្នើសុំអនុសាសន៍ណែនាំតម្រង់ទិស ពីក្រសួងសុខាភិបាល មុននឹងគណៈប្រតិភូសមាគមទៅចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន(SSEAYP) លើកទី៤៧ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

លោក ហោ សំណាង ប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា បានជម្រាបជូនអង្គប្រជុំថា សមាគម នាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា បង្កើតឡើងក្នុងគោលបំណងធំៗចំនួន៤៖ ១) ជាឆ័ត្រថែរក្សា និងពង្រឹងទំនាក់ទំនង មិត្តភាព សាមគ្គីភាពរវាងអតីតប្រតិភូយុវជនទាំងអស់ ២) រៀបចំវគ្គបណ្តុះបណ្តាលមុនពេលចេញដំណើរ ដើម្បីជាការចែករំលែកចំណេះដឹង និង បទពិសោធន៍គ្រប់ជ្រុងជ្រោយ ជូនប្រតិភូយុវជនជំនាន់ក្រោយ ឲ្យចូលរួមកម្មវិធីប្រកបដោយប្រសិទ្ធភាព និងភាពជោគជ័យ ៣) កៀគរធនធាន និងបំផុសទឹកចិត្តយុវជនឲ្យចេះផ្តួចផ្តើមគំនិតក្នុងការបង្កើត និងចូលរួមសកម្មភាពសង្គមឲ្យកាន់តែសកម្ម និងទី៤) ចូលរួមជួយសម្រេចឲ្យបាននូវគោលបំណងរបស់កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានអបអរសាទរ ប្អូនៗយុវជនដែលត្រូវបានជ្រើសរើសចូលរួមកម្មវិធី នាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៧ “The Ship for Southeast Asian and Japanese Youth Program- SSEAYP” ដែលប្រតិភូយុវជនមកពីបណ្តាប្រទេសផ្សេងៗនឹងរួមគ្នា ក្នុងសកម្មភាពជាច្រើនដូចជា៖ ការពិភាក្សាជាក្រុមលើ ប្រធានបទផ្សេងទាក់ទងនឹង ការបង្ហាញសិល្បៈវប្បធម៌ ការស្នាក់នៅជាមួយឪពុកម្តាយធម៌ ទស្សនកិច្ចសិក្សា និងជាពិសេស គឺចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំប្រទេសជប៉ុន និងអាស៊ាន។ ឯកឧត្តមបានលើកទឹកចិត្ត ប្រតិភូយុវជនយើងឱ្យខិតខំក្រេបជញ្ជក់នូវបទពិសោធន៍នានាជាពិសេស គឺជំនាញទន់ដូចជា៖ ការបង្កើននូវការយល់ដឹងទៅវិញទៅមកនូវវប្បធម៌ក្នុងតំបន់ ការលើកកម្ពស់ចំណេះដឹង និងបទពិសោធន៍ក្នុងភាពជាអ្នកដឹកនាំ ការធ្វើការងារ និងរស់នៅជាក្រុម ការកសាងនូវបណ្តាញទំនាក់ទំនង និងការជម្រុញនូវកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ឯកឧត្តមសាស្ត្រចារ្យរដ្ឋមន្ត្រី បានលើកទឹកចិត្តប្រតិភូយុវជនកម្ពុជា ចូលរួមផ្សព្វផ្សាយអាទិភាពវិស័យសុខាភិបាល ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ក្នុងការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល មានដូ ចជា ៖
-បង្កើនសកម្មភាពអប់រំសុខភាព សំដៅលើកកម្ពស់សុខភាពពលរដ្ឋឱ្យកាន់តែប្រសើរឡើង
-ការប្រយុទ្ធនឹងជំងឺឆ្លង
-ការទប់ស្កាត់នឹងការរីករាលដាលនៃជំងឺឆ្លងជាសកលដែលជាបញ្ហាសុខភាពសាធារណៈ
-ការទប់ស្កាត់ជំងឺមិនឆ្លង
-ការទប់ស្កាត់ និង បង្ការជំងឺបណ្ដាលមកពីផលប៉ះពាល់បម្រែបម្រួលអាកាសធាតុ
-ការធ្វើឱ្យប្រសើរឡើងនូវការពិនិត្យ និងព្យាបាលជំងឺ នៅតាមសហគមន៍ ជាពិសេសមណ្ឌលសុខភាព
-លើកកម្ពស់គុណភាពការថែទាំសុខភាពនៅគ្រប់កម្រិត តាមរយៈការអភិវឌ្ឍន៍ធនធានមនុស្ស និងភាពជាអ្នកដឹកនាំនវានុវត្តន៍
-ការធ្វើនិយ័តកម្មលើសេវាសុខាភិបាលសាធារណៈ និងសេវាឯកជន
-ការអភិវឌ្ឍន៍សុខភាពឌីជីថល (Digital Health)។

ឯកឧត្តមសាស្ត្រចារ្យរដ្ឋមន្ត្រី បានណែនាំដល់ប្រតិភូនាវាយុវជនទាំងអស់ ត្រូវរៀបចំខ្លួនឱ្យបានសក្ដិសមជាកូនខ្មែរ ព្រោះប្រតិភូនេះហើយជាតំណាងឱ្យប្រជាជនខ្មែរទូទាំងប្រទេស ហើយក៏ត្រូវធ្វើយ៉ាងណា កសាងមិត្តភាពឱ្យបានច្រើនដើម្បីថ្ងៃអនាគតអាចក្លាយទៅជាដៃគូសហប្រតិបត្តិការដ៏ល្អ។ ឯកឧត្តមសាស្ត្រាចារ្យ ក៏បានជូនពរក្រុមនាវាយុវជនទាំងអស់ទទួលបាននូវជោគជ័យក្នុងកម្មវិធីនាវាយុវជននាពេលឆាប់ៗខាងមុខនេះផងដែរ។

photo_2023-11-10_22-26-10 photo_2023-11-10_22-26-14 photo_2023-11-10_22-26-15 photo_2023-11-10_22-26-19 photo_2023-11-10_22-26-25 photo_2023-11-10_22-26-27

នៅព្រឹកថ្ងៃសុក្រ ១២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបលោក Joseph Scheuer អ្នកសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិ ប្រចាំប្រទេសកម្ពុជា (United Nations Resident Coordinator to Cambodia-UNRC)។

ក្នុងនាមក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ បានស្វាគមន៍ និងថ្លែងអំណរគុណដល់ UNRC ប្រចាំប្រទេសកម្ពុជា ដែលបានសហការគាំទ្រក្រសួងសុខាភិបាល ក្នុងការងារលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា តាមរយៈទីភ្នាក់ងារអង្គការសហប្រជាជាតិនានា ប្រចាំកម្ពុជា នាពេលកន្លងមក។

លោក Joseph Scheuer អ្នកសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិ ប្រចាំប្រទេសកម្ពុជា បានថ្លែងអបអរសាទរ និងជូនពរ ឯកឧត្តមសាស្ត្រាចារ្យ ក្នុងឱកាសដែល ឯកឧត្តម ទទួលបាននូវការទុកចិត្តពីរាជរដ្ឋាភិបាលអាណត្តិទី៧ តែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។ លោកបានជម្រាបជូន ឯកឧត្តមរដ្ឋមន្រ្តី ថា UNRC បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តគោលការណ៍ជាតិ និងអន្តរជាតិ ដើម្បីធានានូវការទទួលបានសេវាសុខភាពប្រកបដោយគុណភាព និងសមធម៌ សម្រាប់ ប្រជាពលរដ្ឋគ្រប់រូប សំដៅបង្កើតបរិយាកាសប្រកបដោយវឌ្ឍនភាព ផលិតភាព និងសុខភាពល្អ និងដើម្បីចូលរួមចំណែកក្នុងការ សម្រេចបានការគ្របដណ្តប់សេវាសុខភាពជាសកល។

គួរបញ្ជាក់ផងដែរថា ក្រោមកិច្ចសហប្រតិបត្តិការល្អ និងជិតស្និតពីទីភ្នាក់ងារអង្គការសហប្រជាជាតិនានាប្រចាំនៅកម្ពុជា ក្រសួងសុខាភិបាលបានអនុវត្តនូវផែនការយុទ្ធសាស្ត្រជាច្រើនដំណាក់កាលជាបន្តបន្ទាប់ ប្រកបដោយជោគជ័យគួរជាទីមោទនៈ ជាពិសេសក្នុងបរិបទនៃការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ភ្នាក់ងារអង្គការសហប្រជាជាតិ មួយចំនួនបានធ្វើការសហការយ៉ាងជិតស្និទ្ធបំផុត គាំទ្រក្រសួងសុខាភិបាលក្នុងការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ ដូចជា៖

-អង្គការសុខភាពពិភពលោក បានចូលរួមគាំទ្រផ្នែកបច្ចេកទេសដល់ក្រសួងសុខាភិបាល ដោយបានផ្តល់ការគាំទ្រ ផ្នែកហិរញ្ញវត្ថុ បច្ចេកទេស និងប្រតិបត្តិការក៏ដូចជាតាមរយៈការអភិវឌ្ឍ និងការអនុវត្តផែនការមេឆ្លើយតបទៅនឹងជំងឺរាតត្បាតជំងឺកូវីដ-១៩ របស់កម្ពុជា និងនាពេលអនាគត។
-ការត្រៀមលក្ខណៈ៖ អង្គការសហប្រជាជាតិបានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាល ដើម្បីត្រៀមលក្ខណៈ ប្រព័ន្ធសុខាភិបាលមូលដ្ឋានពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាលជួរមុខ និងបុគ្គលិកសង្គមការទិញការផ្គត់ផ្គង់សុខភាព និងឧបករណ៍ការពារផ្ទាល់ខ្លួន ចែកចាយទំនាក់ទំនងហានិភ័យ និងអនុវត្តវិធានការសុខភាពសាធារណៈ។
-ការចាក់ថ្នាំបង្ការ៖ អង្គការ WHO និងUNICEF បានគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍន៍ និង អនុវត្តផែនការជាតិសម្រាប់ការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ដោយការធ្វើផែនការ ការត្រួតពិនិត្យ ការគ្រប់គ្រងហានិភ័យ និងការចូលរួមសហគមន៍ ការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់វ៉ាក់សាំង និងការពង្រឹងប្រព័ន្ធត្រជាក់ដែលអនុញ្ញាតឱ្យកម្ពុជាធ្វើពិពិធកម្ម ផលប័ត្រវ៉ាក់សាំងរបស់ខ្លួនបន្ថែមទៀត ជាមួយនឹងអត្រាខ្ជះខ្ជាយតិចជាង ១%។
-វ៉ាក់សាំងកូវីដ-១៩៖ អង្គការសហប្រជាជាតិ បានសម្របសម្រួលក្នុងយន្តការ COVAX Facility និងការបរិច្ចាគ វ៉ាក់សាំងជំងឺកូវីដ-១៩ ដល់គោលដៅ។ គិតត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ វ៉ាក់សាំងកូវីដ-១៩ សរុបចំនួន ៥៣.៧លានដូស (៥.៩លានដូស កម្ពុជាទទួលបានតាមរយៈ COVAX Facility) ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណ ដល់ទីភ្នាក់ងារអង្គការសហប្រជាជាតិទាំងអស់ប្រចាំនៅកម្ពុជា ព្រមទាំងស្នើសុំបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត គាំទ្រផែនការយុទ្ធសាស្ត្រថ្មីៗ របស់ក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

photo_2023-11-10_19-46-48 photo_2023-11-10_19-46-49

photo_2023-11-10_19-46-41 photo_2023-11-10_19-46-42 photo_2023-11-10_19-46-45 photo_2023-11-10_19-46-46 photo_2023-11-10_19-46-47

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបលោក Will Parks ប្រធានអង្គការ UNICEF ប្រចាំប្រទេសកម្ពុជា

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបលោក Will Parks ប្រធានអង្គការ UNICEF ប្រចាំប្រទេសកម្ពុជា

នៅព្រឹកថ្ងៃសុក្រ ១២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបលោក Will Parks ប្រធានអង្គការ UNICEF ប្រចាំប្រទេសកម្ពុជា។
ក្នុងនាមក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ បានស្វាគមន៍ និងថ្លែងអំណរគុណដល់ អង្គការ UNICEF ប្រចាំប្រទេសកម្ពុជា ដែលបានសហការគាំទ្រក្រសួងសុខាភិបាល ក្នុងការងារលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា តាមរយៈការផ្ដល់ជូនទាំងបច្ចេកទេសនិងហិរញ្ញវត្ថុក៏ដូចជាការអភិវឌ្ឍនៅធនធានមនុស្ស នាពេលកន្លងមក។

លោក Will Parks ប្រធានអង្គការ UNICEF ប្រចាំប្រទេសកម្ពុជាបានថ្លែងអបអរសាទរ និងជូនពរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី ក្នុងឱកាសដែល ឯកឧត្តមទទួលបាននូវការទុកចិត្តពីរាជរដ្ឋាភិបាលអាណត្តិទី៧ តែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។ លោកបានជម្រាបជូន ឯកឧត្តមរដ្ឋមន្រ្តី ថាអង្គការ UNICEF បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តគោលនយោបាយ និងផែនការយុទ្ធសាស្រ្តសុខាភិបាល ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល សុខភាពមាតា ទារក និងកុមារ ការផ្តល់ថ្នាំបង្ការ និងអាហារូបត្ថម្ភ ដើម្បីចូលរួមចំណែកក្នុងការសម្រេចបានការគ្របដណ្តប់សេវាសុខភាពជាសកល។

គួរបញ្ជាក់ផងដែរថា នៅក្នុងបរិបទនៃការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ក្រោមកិច្ចសហប្រតិបត្តិការល្អ និងជិតស្និតពីអង្គការ UNICEF ក្រសួងសុខាភិបាល បានអនុវត្តនូវផែនការយុទ្ធសាស្ត្រ ក្នុងការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យគួរជាទីមោទនៈ គាំទ្រក្រសួងសុខាភិបាល ដូចជា៖
-បានគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍន៍ និងអនុវត្តផែនការជាតិសម្រាប់ការចាក់វ៉ាក់សាំង ជំងឺកូវីដ-១៩ ដោយការធ្វើផែនការ ការត្រួតពិនិត្យ ការគ្រប់គ្រងហានិភ័យ និងការចូលរួមសហគមន៍ ការគ្រប់គ្រងខ្សែសង្វាក់ ផ្គត់ផ្គង់វ៉ាក់សាំង និងការពង្រឹងប្រព័ន្ធត្រជាក់ ដែលអនុញ្ញាតឱ្យកម្ពុជាធ្វើពិពិធកម្ម ផលប័ត្រវ៉ាក់សាំងរបស់ខ្លួន បន្ថែមទៀត ជាមួយនឹងអត្រាខ្ជះខ្ជាយ តិចជាង ១%។
-បានសម្របសម្រួលក្នុងយន្តការ COVAX Facility និងការបរិច្ចាគ វ៉ាក់សាំង ជំងឺកូវីដ-១៩ ដល់គោលដៅ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណ ដល់ទីភ្នាក់ងារអង្គការ UNICEF ប្រចាំនៅកម្ពុជា ព្រមទាំងស្នើសុំបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត គាំទ្រផែនការយុទ្ធសាស្ត្រថ្មីៗ របស់ក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

photo_2023-11-10_19-15-04photo_2023-11-10_19-15-10photo_2023-11-10_19-15-02 photo_2023-11-10_19-15-05 photo_2023-11-10_19-15-07 photo_2023-11-10_19-15-08photo_2023-11-10_19-15-09

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំប្រតិភូក្រសួងសុខាភិបាល អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ក្នុងឱកាសរំលឹកខួបអនុវស្សាវរីយ៍ លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ “៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៣”

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំប្រតិភូក្រសួងសុខាភិបាល អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ក្នុងឱកាសរំលឹកខួបអនុវស្សាវរីយ៍ លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ “៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៣”

នារសៀលថ្ងៃពុធ ១០រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំប្រតិភូក្រសួងសុខាភិបាល អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ក្នុងឱកាសរំលឹកខួបអនុវស្សាវរីយ៍ លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ “៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៣” និងចូលរួមអបអរសាទរទិវាថ្ងៃកំណើត នៃកងយោពលខេមរភូមិន្ទ នៅបរិវេណវិមានឯករាជ្យ ព្រមទាំងបានអញ្ជើញថ្វាយកម្រងផ្កា គោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯករាជ្យជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” នៃទិវាបុណ្យឯករាជ្យជាតិលើកទី៧០ នៅមណ្ឌបសួនច្បារ ខាងកើតវិមានឯករាជ្យ។

photo_2023-11-08_16-05-05 (2) photo_2023-11-08_16-05-05 photo_2023-11-08_16-05-06 (2) photo_2023-11-08_16-05-06 photo_2023-11-08_16-05-07 photo_2023-11-08_16-05-08 photo_2023-11-08_16-05-09 photo_2023-11-08_16-05-10 photo_2023-11-08_16-05-12

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបឋកថាបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» តាមប្រព័ន្ធវីដេអូសន្និសីទ ជូនដល់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល « វគ្គទី៥»

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបឋកថាបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» តាមប្រព័ន្ធវីដេអូសន្និសីទ ជូនដល់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល « វគ្គទី៥»

ថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង២:០០នាទីរសៀល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំបន្តវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» វគ្គទី៥ ដល់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន ១,៨៣០ នាក់ ដើម្បីបន្តអនុវត្តយុទ្ធសាស្រ្តអាទិភាព១ ក្នុងចំណោម៣ ដែលក្រសួងបានដាក់ចេញ គឺការពង្រឹងស្ថាប័នតាមរយៈការបណ្តុះបណ្តាលលើភាពជាអ្នកដឹកនាំ ដើម្បីជាជំនួយដល់ថ្នាក់ដឹកនាំឱ្យមានជំនាញច្បាស់លាស់ ក្នុងការសម្រេចចិត្ត។

មេរៀនក្នុងសប្តាហ៍នេះ គឺជាគន្លឹះសំខាន់ទី២ សម្រាប់ដោះស្រាយបញ្ហាស្របជាមួយនឹងគោលបំណង៥ចំណុចសំខាន់ៗដូចជា៖ ១) ការញែកដាច់ពីគ្នារវាងវិធីសាស្រ្តកំណែទម្រង់ ដែលមានដំណោះស្រាយបានកំណត់ជាក់លាក់ជាមុនធៀបទៅនឹងវិធីសាស្រ្តដែលព្យាយាមដោះស្រាយបញ្ហា ២) ការលើកឡើង និងការកំណត់អាទិភាពបញ្ហាទាំងឡាយដែលចង់ផ្តោតដោះស្រាយ ៣) ការបំបែកបញ្ហាដែលសំខាន់បំផុត ក្នុងចំណោមបញ្ហាតូចៗទាំងឡាយ ទៅជាសមាសធាតុគន្លឹះនានា ៤) ការកំណត់មនុស្ស ឬបុគ្គលសក្តានុពលដែលជាប់ពាក់ព័ន្ធសំខាន់ជាមួយបញ្ហាទាំងនោះ រួមទាំងកំណត់ថាបុគ្គលណាមួយដែលជាប់ពាក់ព័ន្ធសំខាន់ជាងគេ ៥)ត្រូវចេះវាស់វែងពីទំហំបញ្ហា ដើម្បីដាក់ចេញនូវយុទ្ធសាស្រ្ត ដែលអាចនឹងបញ្ចុះបញ្ចូលអ្នកដឹកនាំមួយចំនួន ឱ្យមានការយកចិត្តទុកដាក់បន្ថែម។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងរៀងរាល់រសៀលថ្ងៃអង្គារ ដែលមានការអញ្ជើញចូលរួម ចាប់ពីប្រធានការិយាល័យថ្នាក់កណ្តាល រហូតដល់រដ្ឋលេខាធិការក្រសួងសុខាភិបាល និងអង្គភាពថ្នាក់ក្រោមជាតិ ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត។

photo_2023-11-07_18-44-15 photo_2023-11-07_19-12-58 photo_2023-11-07_19-13-02 photo_2023-11-07_19-13-04 photo_2023-11-07_19-13-05 photo_2023-11-07_19-13-06 photo_2023-11-07_19-13-09 photo_2023-11-07_19-13-19

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត

នារសៀលថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែវិចិ្ឆកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត លេីកទី១ នៃខែវិច្ឆិកា។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំជាពិសេសឱ្យថ្នាក់ដឹកនាំទទួលបន្ទុកការងារបន្តពង្រឹងការផ្តល់សេវានៅតាមមន្ទីរពេទ្យថ្នាក់ខេត្ត ស្រុក និងមណ្ឌលសុខភាព ចុះពិនិត្យផ្ទាល់ ជាប់ជាប្រចាំនៅមូលដ្ឋានសុខាភិបាល តាមបណ្តាខេត្ត ដើម្បីជួយពាំនាំ និងគាំទ្រផ្នែកបណ្តុះបណ្តាល បច្ចេកទេស និងបំពេញតម្រូវការតាមស្ថានភាពជាក់ស្តែង។ ឯកឧត្តមរដ្ឋមន្រ្តី បានលើកសរសើរដល់ មន្រ្តីសុខាភិបាលនៅតាមមូលដ្ឋាន មន្ទីរពេទ្យបង្អែកស្រុក ខេត្ត ជាពិសេសមណ្ឌលសុខភាព ដែលផ្តល់សេវាជូនប្រជាពលរដ្ឋ ក្នុងឱកាសដែល ឆ្លៀតចុះពិនិត្យនៅមណ្ឌលសុខភាពចុងកាល់ និងមណ្ឌលសុខភាព ដូនកែន ខេត្តឧត្តរមានជ័យ ដែលមានមន្ត្រីសុខាភិបាល នៅរង់ចាំបម្រើសេវាជូនប្រជាពលរដ្ឋ ២៤ម៉ោង លេី២៤ម៉ោង ។ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំដោយត្រូវពង្រឹងការងាររដ្ឋបាល ក្នុងនោះការពង្រឹងសេវាច្រកចេញចូលតែមួយ គឺត្រូវពង្រឹងឱ្យមានប្រសិទ្ធភាពត្រឹមត្រូវ និងល្អប្រសើរថែមទៀត។

ជាទីបញ្ចប់ ឯកឧត្តមក៏បានរំលឹកដល់គ្រប់បុគ្គលិក មន្ត្រីសុខាភិបាល នៅគ្រប់កម្រឹត និងទីកន្លែងកុំភ្លេចថែទាំសុខភាពខ្លួនអោយបានល្អ នឹងនៅរក្សារបានសមត្ថភាព ជំនាញថែទាំព្យាបាល និងបន្តបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋកាន់តែប្រសើរ និងប្រកបដោយទំនុកចិត្ត។
កិច្ចប្រជុំរៀបចំឡើងតាមរយៈប្រព័ន្ធហ៊ីប្រីដ៍ Hybrid និងមានវត្តមានផ្ទាល់ នៅទីស្តីការក្រសួងសុខាភិបាល និងវត្តមានតាមបណ្តាខេត្តក្រុង តាមរយៈប្រព័ន្ធវីដេអូសន្និសទី ដែលមានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក និងអគ្គាធិការនៃក្រសួងសុខាភិបាល។

photo_2023-11-06_21-09-27

photo_2023-11-06_21-04-44 photo_2023-11-06_21-04-45 photo_2023-11-06_21-04-46 photo_2023-11-06_21-04-47 photo_2023-11-06_21-04-48 photo_2023-11-06_21-04-50 photo_2023-11-06_21-04-51 photo_2023-11-06_21-04-53 photo_2023-11-06_21-04-55 photo_2023-11-06_21-05-09

1 7 8 9 10 11 14