ខេត្តឧត្តរមានជ័យ៖ នារសៀលថ្ងៃសៅរ៍ ៦រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានអញ្ជើញចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពសុខាភិបាល នៅមន្ទីរពេទ្យខេត្តឧត្តរមានជ័យ ក្នុងការអនុវត្តយុទ្ធសាស្រ្តអាទិភាពចម្បងរបស់ក្រសួងសុខាភិបាលដែលបានដាក់ចេញ ដោយផ្តោតសំខាន់លើលទ្ធផលនៃការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ។
ក្នុងឱកាសនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានជួបសំណេះសំណាលជាមួយមន្រ្តីសុខាភិបាល និងបានផ្តាំផ្ញើប្រសាសន៍មួយចំនួនជាគន្លឹះសម្រាប់និរន្តរភាពនៃការអភិវឌ្ឍន៍ខ្លួនក្នុងការបម្រើវិស័យសុខាភិបាល៖
១-ត្រូវថែទាំសុខភាពខ្លួនជាប់ជាប្រចាំ និងកាន់តែខិតខំថែរក្សាសុខភាពមន្ត្រីសុខាភិបាល ដែលជាសហភាតរ ទោះបីលោកចូលនិវត្តន៍ក៏ដោយ។
២-បន្តខិតខំរក្សាចំណេះដឹង សមត្ថភាពជំនាញ តាមរយៈការចងក្រងជាក្រុមពហុឯកទេស ដើម្បីយកគ្រប់ករណីជំងឺស្មុគ្រស្មាញយកមកដោះស្រាយរួមគ្នា គ្រប់អង្គភាពសុខាភិបាលទាំងកម្រិតខេត្ត ស្រុក និងពិសេសកម្រិតមណ្ឌលសុខភាព។
៣-រៀបចំផែនការបណ្តុះបណ្តាលបន្តតាមជំនាញក្នុងអង្គភាពខ្លួន និងឆ្លុះបញ្ចាំងជាមួយអង្គភាពផ្សេងៗ ដែលជាសហភាតរ ដើម្បីបង្កើនចំណេះដឹង និងសមត្ថភាពរកដំណោះស្រាយ លើបញ្ហាផ្សេងៗ។
៤-រៀបចំផែនការត្រៀមទុកជាមុន បន្តលើកកម្ពស់អភិវឌ្ឍន៍ទាំងធនធានមនុស្ស ទាំងសម្ភារៈបរិក្ខារវេជ្ជសាស្ត្រ។
៥-បន្តខិតខំស្វែងរកដែគូរអភិវឌ្ឍន៍ផ្សេងៗ រួមទាំងវិស័យឯកជន ដោយពាំនាំការចូលរួមពង្រីកវិសាលភាពនៃការអភិវឌ្ឍន៍ជាបន្តបន្ទាប់ក្នុងអង្គភាពសុខាភិបាលរបស់ខ្លួន។
ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងសម្តែងនូវការកោតសរសើរ វាយតម្លៃខ្ពស់ក្នុងការផ្តល់សេវាសុខាភិបាលក្នុងខេត្តឧត្តរមានជ័យ ព្រមទាំងណែនាំឱ្យមន្រ្តីសុខាភិបាលទាំងអស់ត្រូវ មានស្មារតីរួបរួមគ្នា ចេះជួយគ្នា ចេះសម្របសម្រួល ចេះកែសម្រួលគ្នា សាមគ្គីភាព គោរពវិន័យការងារ ក្រមសីលធម៌វិជ្ជាជីវៈ ដែលជាផលប្រយោជន៍រួមធានា ការបម្រើសេវាប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី និងក្រុមប្រតិភូក្រសួងសុខាភិបាលក៏បានអញ្ជើញចុះពិនិត្យស្ថានភាពសុខាភិបាល វេលាយប់ ជួបមន្ត្រីមណ្ឌលយាមប្រចាំការ (ជាឧទារហរណ៍ មណ្ឌលសុខភាពដូនកែន មណ្ឌលសុខភាពចុងកាល់) ដោយបានណែនាំឱ្យបុគ្គលិកសុខាភិបាល បន្តបង្កើនការយកចិត្តទុកដាក់ខ្ពស់ប្រចាំការ ២៤ម៉ោង លើ២៤ម៉ោង ផ្តល់សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋឱ្យបានគ្រប់ពេលវេលា។