ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ជំរុញដល់ភាគីពាក់ព័ន្ធត្រូវរួមគ្នាបន្ដការងារកាន់តែសកម្ម ដើម្បីឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់នៅឆ្នាំ២០២៥ ក្នុងទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធាបបទ «គ្មានជំងឺគ្រុនចាញ់ ផ្តើមចេញពីខ្ញុំ»
(កោះញែក មណ្ឌលគិរី) ៖ ថ្ងៃចន្ទ ៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ទិវាជាតិ ប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ត្រូវបានប្រារព្ធធ្វេីឡេីង ក្រោមអធិបតីភាពឯកឧត្តមសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខភិបាល ដោយមានការអញ្ជើញចូលរួមពីលោកវេជ្ជ បណ្ឌិត តាក់កេ ស៊ីកាសៃ នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ ប៉ាស៊ីហ្វិកខាងលិច ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកបច្ចេកទេសសុខាភិបាល អគ្គនាយករដ្ឋបាលនិងហិរញ្ញវត្ថុ ប្រធាននាយកដ្ឋាន មកពីក្រសួងសុខាភិបាល មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹង ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត និងអន្តរក្រសួង ព្រមទាំងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃ គណៈអភិបាលខេត្តមណ្ឌលគិរី ប្រធានមន្ទីរសុខាភិបាលខេត្តទាំងអស់ មន្ទីរចំណុះសាលាខេត្ត កងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា ព្រមទាំង អង្គការដៃគូសុខាភិបាលពាក់ព័ន្ធ (PSI, HPA, PFD, CRS, MC, MORU, PFD, CHAI, IPC, PSM/USAID, PMI/USAID, MSF, AFRIM, NAMRU2, CARE) បានចូលរួម សរុបប្រមាណ ១៥០០ នាក់។
នៅក្នុងពិធីដ៏មានសារ:សំខាន់នេះ ឯ.ឧ. រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអានខ្លឹមសារដើមទាំងស្រុងនៃសារលិខិតរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា សម្រាប់ទិវាប្រយុទ្ធនឹងជំងឺគ្រុនចាញ់ក្នុងគោលបំណង ដើម្បីជំរុញ និងបំផុសការយល់ដឹង ឲ្យយកចិត្តទុកដាក់កាន់តែខ្ពស់បន្ថែមទៀតក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់សំដៅលើកកំពស់សុខុមាលភាពនិងសុខភាពប្រជាពលរដ្ឋកម្ពុជា។ ជំងឺគ្រុនចាញ់មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់សុខភាព ចំណាយលុយកាក់ ខាតបង់ការងារ បាត់បង់ផលិតភាព និងអាយុជីវិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កផលប៉ះពាល់ជាអវិជ្ជមានដល់ការអភិវឌ្ឍនសង្គម-សេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរទៀតផង។ ដូច្នេះ យើងត្រូវយកចិត្តទុកដាក់ខ្ពស់ទាំងអស់គ្នា លើបញ្ហាជំងឺគ្រុនចាញ់ ដើម្បី លើកកំពស់សុខភាព គុណភាពនៃការរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋយើង សមស្រប នឹងដំណើរវិវត្តន៍ នៃសភាពការណ៍សង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ដែលកំពុង អភិវឌ្ឍនតាមព្រំដែន និងអេកូទេសចរធម្មជាតិព្រៃភ្នំ។ ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងបន្ដថា “យើងត្រូវបន្តការខិតខំ និងត្រូវតែយកចិត្តទុកដាក់អនុវត្តថែមទៀតក្នុងការបង្ការជំងឺគ្រុនចាញ់ដោយឲ្យមានការចែក និងប្រើប្រាស់មុងជ្រលក់ថ្នាំឲ្យបានត្រឹមត្រូវ ដោយចាត់ទុកថា មុងគឺជាអាយុជីវិតរបស់ខ្លួន បើទោះបីទៅណា គឺត្រូវតែសំរាន្តក្នុងមុងជ្រលក់ថ្នាំ ហើយត្រូវប្រើប្រាស់មុងឲ្យបានគ្រប់ៗគ្នា ជាពិសេសសម្រាប់បងប្អូនដែលចល័តពីកន្លែងមួយទៅកន្លែងមួយ ដែលទៅធ្វើការនៅតំបន់ព្រៃភ្នំប្រឈមនឹងការឆ្លងជំងឺគ្រុនចាញ់។ ប្រសិនបើមានការសង្ស័យកើតជំងឺគ្រុនចាញ់ ត្រូវ ប្រញាប់ស្វែងរកសេវាធ្វើតេស្តឈាមនៅមូលដ្ឋានុខាភិបាលសាធារណៈឲ្យបានឆាប់រហ័សដែលនៅជិតបំផុតតាមរយៈ អ្នកស្ម័គ្រចិត្តភូមិ មណ្ឌលសុខភាព និងមន្ទីរពេទ្យ ដើម្បី ពិនិត្យព្យាបាលជំងឺគ្រុនចាញ់ទាន់ពេលវេលា ” ។ ហេតុនេះខេត្តទាំងអស់ ត្រូវរួមសហការគ្នា ជាពិសេសមន្ទីរសុខាភិបាលខេត្ត អាជ្ញាធរដែនដី និងអង្គការដៃគូសុខាភិបាលក្នុងខេត្តនីមួយៗ ចាំបាច់ត្រូវអនុវត្តផែនការយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុន ចាញ់អោយមានប្រសិទ្ធភាពខ្ពស់ ដើម្បីឈានលុបបំបាត់គ្រុនចាញ់ អោយខានតែបាននៅឆ្នាំ២០២៥។
ក្នុងឱកាសនេះផងដែរ លោកវេជ្ជបណ្ឌិត តាក់កេស៊ី កាសៃ នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច បានសំដែងដោយសេចក្តីរីករាយថា ប្រទេសកម្ពុជា ការសំរេចបានជាលើកដំបូង គឺ គ្មានអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់នាឆ្នាំ២០១៨ និងបានកាត់បន្ថយករណីជំងឺគ្រុនចាញ់សរុបចំនួន ៤២% នៅចន្លោះឆ្នាំ ២០១២ និងឆ្នាំ ២០១៦។ លោកវេជ្ជបណ្ឌិតបានមានប្រសាសន៍ទៀតថា តាមរយៈការ ទស្សនកិច្ចនៅប្រទេសកម្ពុជានេះ លោកវេជ្ជបណ្ឌិតបានសំដែងការពេញចិត្តយ៉ាងខ្លាំង ចំពោះក្រសួងសុខាភិបាល ដែលបានពន្លឿនកិច្ចខិតខំប្រឹងប្រែងគួរអោយកោតសរសើររបស់ខ្លួនលើការលុបបំបាត់ជំងឺគ្រុនចាញ់។ អង្គការ សុខភាពពិភពលោកនឹងបន្តផ្តល់ការគាំទ្រយ៉ាងពេញទំហឹង និងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាល ក្នុងការបង្កើតគោលនយោបាយ និងឯកសារណែនាំជាយុទ្ធសាស្រ្តជំរុញការវិនិយោគ និងកិច្ចខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់។ តាមរយ:លទ្ធផលទាំងអស់នេះ លោកវេជ្ជបណ្ឌិត មានជំនឿយ៉ាងមុតមាំថា ប្រទេសកម្ពុជានឹងលុបបំបាត់ជំងឺគ្រុនចាញ់បានតាមផែនការគ្រោងទុកស្ថិតក្នុងដំណាក់ចុងក្រោយដែលខ្សែបន្ទាត់លុបបំបាត់ជំងឺគ្រុនចាញ់ផ្តាច់ព្រាត់នៅនឹងចំពោះមុខយើងនេះ លោកវេជ្ជបណ្ឌិត មានវត្តមាននៅទីនេះ នាឱកាសនេះ ដើម្បីធានាចំពោះមុខអ្នកទាំងអស់គ្នាថា អង្គការសុខភាពពិភពលោកនឹងបន្តគាំទ្រដល់ប្រទេសកម្ពុជា រូមជាមួយដៃគូរសុខាភិបាលទាំងអស់ក្នុងការងារលុបបំបាត់ជំងឺគ្រុនចាញ់គ្រប់ជំហ៊ាននៅលើមាគ៌ាឆ្ពោះទៅកាន់ការសម្រេចគោលដៅនាពេលខាងមុខនេះ។
ទន្ទឹមនឹងនេះផងដែរ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ក៏បានជម្រុញ បន្ថែមដល់អង្គភាពមន្ទីរជុំវិញខេត្តទាំងអស់ រួមសហការគ្នា ជាពិសេសមន្ទីរសុខាភិបាលខេត្ត និងអង្គការ ដៃគូសុខាភិបាលក្នុងខេត្ត អនុវត្តផែនការយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់អោយមានប្រសិទ្ធ ភាពខ្ពស់ ដើម្បីឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់នៅ ក្នុងខេត្តមណ្ឌលគិរីឲ្យបាននៅឆ្នាំ២០២៥។
ព័ត៌មានទទួលបានពីមជ្ឍមណ្ឌលជាតិប្រយុទ្ធនឹងំងឺគ្រុនចាញ់ ប៉ារ៉ាសុីតសាស្ត្រ និងបាណកសាស្ត្រ នៃក្រសួងសុខាភិបាល។